អ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា
(អារ៉ាប៊ីសាអ៊ូឌី)៖ សារព័ត៌មាន CNN បានចេញផ្សាយ Update នៅខណៈពេលនេះថា អ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងពិធីបុណ្យសាសនា នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត កើនឡើងដល់ ៤៥៣នាក់ និងរបួស៧១៩នាក់ នេះបើយោងតាមព័ត៌មានពីមន្រ្តីផ្លូវការ អារ៉ាប៊ីសាអ៊ូឌីត។
ក្រុមជួយសង្គ្រោះ ៤០០០នាក់ និងរថយន្ដសង្គ្រោះបន្ទាន់ ២២០គ្រឿង បានបញ្ជូនទៅកន្លែងកើតហេតុ។ ជនជាតិមូស្លីមជាង ២លាននាក់ជុំវិញពិភពលោក បានចូលរួមពិធីបុណ្យសាសនា Hajj នេះ។
លោក អូស្មាន់ ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះថា កម្ពុជាបានបញ្ជូនជនជាតិខ្មែរ-ឥស្លាមចំនួន ៦៨៥នាក់ ទៅចូលរួមពិធីបុណ្យសាសនា នៅអារ៉ាប៊ីសាអ៊ូឌីត ទីដែលមានហេតុការណ៍រត់ជាន់គ្នា ដែលមកទល់នឹងពេលនេះ មិនទាន់ទទួលបានដំណឹងថា ពួកគេយ៉ាងណានោះទេ ប៉ុន្តែព័ត៌មានបានដឹងខ្លះថា មានជាងពាក់កណ្តាលក្នុងចំណោម ៦៨៥នាក់ មិនមានអ្វីនោះទេ។
ហេតុការណ៍នេះគឺបានកើតឡើងនៅក្នុងទីក្រុង Mina ចម្ងាយប្រហែល ៥គីឡូ ម៉ែត្រពីវិហារឥស្លាម Mecca ដែលកំពុងស្ថិតក្នុងការជួយសង្រ្គោះផងដែរ នាពេលនេះ ក្នុងថ្ងៃទី១ នៃការប្រារព្ធពិធី បុណ្យបែបសាសនាឥស្លាម Eid al-Adha ឬហៅថា Feast of the Sacrifice។
សូមរំលឹកដែរថា កាលពីប៉ុន្មានថ្ងៃមុនមនុស្សចំនួន១០៩នាក់បានស្លាប់ របួសជាង៤០០នាក់ ដោយការបាក់ដងស្ទូច នៅក្នុងពេលកំពុងសាង សង់អាគារ Mecca’s Grand Mosque ហើយកាលពីឆ្នាំ២០០៦ ក៏មានមនុស្សប្រមាណ ៣៦៤នាក់បានស្លាប់ផងដែរ នៅក្នុងហេតុការដង្ហែរព្យុះហយាត្រានេះដែរ។